ខេត្តកំពតមួយ ពលរដ្ឋចាញ់បោកក្រុមហ៊ុនដីមាសដីខ្យល់ ក្នុងទំហំទឹកប្រាក់រហូតដល់ជាង ២១ លានដុល្លារអាមេរិក
(កំពត)៖ ប្រជាពលរដ្ឋ នៅខេត្តកំពតបានប្ដឹងមកក្រុមហ៊ុនពិភពដីមាស មានចំនួន ១១០៥ បណ្ដឹង ខាតបង់ទឹកប្រាក់ចំនួន ២១,០៧៨,៩៦០ ដុល្លារ (ម្ភៃមួយលានប្រាំពីរម៉ឺនប្រាំបីពាន់ប្រាំបួនរយហុកសិបដុល្លា) គិតត្រឹមថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៣។
នេះបើយោងតាមការចុះផ្សាយពី ទំព័រហ្វេសបុកផ្លូវការ របស់ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី ១០ ខែសីហានេះ។
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស រួមទាំងកងអង្គរក្សចំនួន ១៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនពាក់ព័ន្ធបានប្រើហិង្សាមកលើសមត្ថកិច្ច ពេលចុះអនុវត្តដីកាតុលាការ ក្រោយមានពាក្យបណ្តឹងពីពលរដ្ឋ ដែលចាញ់បោកក្រុមហ៊ុនមួយនេះ ពាក់ព័ន្ធនឹងការទិញដីធ្លី។
សូមជំរាបថា អតិថិជនរាប់ពាន់នាក់ ខ្លះក៏បានខ្ចីបុល និងយកលុយធនាគារ សម្រុកទិញដីឡូតិ៍របស់ក្រុមហ៊ុនពិភពដីមាស ដែលទីតាំងនៅខេត្តកំពតនិង ខេត្តកំពង់ស្ពឺ។ ការទិញដីឡូតិ៍នោះ ទទួលបានការប្រាក់ ៣% នេះជាគោលការណ៍ពីក្រុមហ៊ុនដីមាសដីខ្យល់។ បន្ទាប់ពីក្រុមហ៊ុន មិនបានឱ្យការប្រាក់ តាមកិច្ចសន្យា អតិថិជន ដែលជាពលរដ្ឋភាគច្រើនជាអ្នកក្រីក្រឬអ្នកមធ្យម ក៏បាននាំគ្នាដាក់ពាក្យបណ្តឹងនៅខេត្តកំពត ខេត្តកំពង់ស្ពឺ និងស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីទាមទារប្រាក់ដើមត្រឡប់វិញ ព្រមទាំងនាំគ្នា តវ៉ាជាបន្តបន្ទាប់ដើម្បី ឱ្យអគ្គនាយកក្រុមហ៊ុន ចេញមកមកដោះស្រាយ ប៉ុន្តែ ក្រុមហ៊ុនមិនព្រមចេញមកដោះស្រាយ ទើបអាជ្ញាធរចុះចាប់ខ្លួនដីការពីតុលាការ៕