ខេត្តស្ទឹងត្រែងលែងកូនត្រីមេពូជ១២ប្រភេទនិងត្រីផ្សេងៗ៧ម៉ឺនក្បាលចូលដែនជម្រកធម្មជាតិ
ស្ទឹងត្រែងៈ កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣ មន្រ្តីថ្នាក់ជាតិនៃរដ្ឋបាលជលផលចុះសហការ ជាមួយមន្ទីរកសិកម្មខេត្តស្ទឹងត្រែងនិងអាជ្ញាធរស្រុកសេសាន,ខណ្ឌរដ្ឋបាលជលផល មានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់បានលែង កូនត្រីមេពូជចំនួន១២ប្រភេទនិងកូនត្រីផ្សេងៗទៀត៧ម៉ឺនក្បាលចូលទៅក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីឱ្យបរិមាណត្រីវាសម្បូរឡើងវិញ ។
លោក ទូច ប៊ុនថង អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលក៏បានអញ្ជើញចូលរួមផងដែរ ជាមួយនោះ តំណាងក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ជនជាតិចិន ក៏បានបង្ហាញការស្វាគមន៍ពិធីលែងកូនត្រីនោះ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បាននិយាយប្រាប់ប្រជាពលរដ្ឋចូលរួមថាត្រីជាច្រើនប្រភេទ រួមទាំងកូនត្រីមេពូជតែងតែលែងនៅក្នុងអាងស្តុបទឹក ទំនប់វារីអគ្គិសនីសេសានក្រោម២ជារៀងរាល់ឆ្នាំដើម្បីបង្កើនបរិមាណ ត្រីធម្មជាតិឱ្យកាន់តែសម្បូរច្រើនឡើង។ លោក ទុំ នីរ៉ូ បាននិយាយទៀតថានៅពេលត្រីកាន់តែសម្បូរប្រជាពលរដ្ឋនៅក្នុងដ្ឋានមូលផ្ទាល់ គឺជាអ្នកទទួលផលបំពេញតម្រូវការម្ហូបអាហារប្រចាំថ្ងៃ នេសាទបាននៅក្រៅតំបន់ហាមឃាត់។
លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយថាដើម្បីរក្សាបាន នូវបរិមាណត្រីឱ្យវាសម្បូរឡើងវិញនោះយើងត្រូវរួមគ្នាចំាបាច់បំផុត ថែរក្សាចូលរួមសហការការពារពូជត្រីទឹកសាប ធម្មជាតិឱ្យបានល្អ។ចូលរួមទប់ស្កាត់រាល់បទល្មើសកុំឱ្យ កើតមានឡើងនិងសហការជាមួយឆ្មាំការពារ នៅក្នុងតំបន់អភិរក្ស។មិនត្រូវប្រព្រឹត្តបទល្មើស ដោយប្រើឧបករណ៍ខុសច្បាប់តទៅទៀតទេ។
សូមបញ្ជាក់ថា កូនត្រីមេពូជទាំង១២ប្រភេទដែលលែងចូលក្នុងទឹកធម្មជាតិ រួមមានត្រីមេពូជ ១០០គីឡូក្រាម មានត្រីឆ្ពិន ត្រីក្រុះ ត្រីច្រកែង ត្រីកាហែ ត្រីក្រឡង់ ត្រីក្អែក ត្រីព្រួល ត្រីកំពូលបាយ ត្រីរៀល ត្រីឆ្លាំង ត្រីពោ និងត្រីព្រលូង ក្រៅពីនេះមានកូនត្រីឆ្ពិន ៣៥.០០០ក្បាល និងកូនត្រីប្រា ៣៥.០០០ក្បាល សរុប ៧០.០០០ក្បាល ៕