ទីក្រុងណាហ្គាសាគី ប្រារព្ធខួបលើកទី ៧៨ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិក ខណៈអភិបាលក្រុងនេះបានជំរុញឱ្យពិភពលោកលុបបំបាត់អាវុធនុយក្លេអ៊ែរ
(តូក្យូ)៖ ទីក្រុងណាហ្គាសាគី នៅថ្ងៃពុធ ទី០៩ សីហានេះ បានប្រារព្ធខួបលើកទី ៧៨ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុងមួយនេះ ដោយអភិបាលក្រុងបានជំរុញឱ្យមហាអំណាចពិភពលោកលុបចោលអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។
នាឱកាសនោះ លោក Shiro Suzuki ដែលជាក្រុងណាហ្គាសាគីបានលើកឡើងផងដែរថា យុទ្ធសាស្ត្រទប់ស្កាត់អាវុធនុយក្លេអ៊ែរ ដោយបង្កើនការកាន់កាប់អាវុធនុយក្លែរនោះ ក៏បង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរផងដែរ។
លោក Suzuki បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីក្រុមប្រទេសមហាអំណាចផ្នែកឧស្សាហកម្មទាំងប្រាំពីរ ដែលហៅកាត់ថា G7 បានអនុម័តឯកសារដាច់ដោយឡែកមួយ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរកាលពីខែឧសភា ដែលបានអំពាវនាវឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីជាយុទ្ធសាស្ត្ររារាំងអាវុធនុយក្លេអ៊ែរ។
លោកបាននិយាយនៅក្នុងសេចក្តីប្រកាសសន្តិភាពដូច្នេះថា «ឥឡូវនេះគឺជាពេលវេលាដើម្បីបង្ហាញភាពក្លាហាន និងធ្វើការសម្រេចចិត្តដើម្បីផ្តាច់ចេញពីការពឹងផ្អែក លើការទប់ស្កាត់នុយក្លេអ៊ែ ដោយប្រើអាវុធនុយក្លេអ៊ែរ»។
អភិបាលក្រុងណាហ្គាសាគីរូបនេះបាននិយាយទៀតថា ការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ី បានជំរុញឱ្យប្រទេសនុយក្លេអ៊ែរផ្សេងទៀត ពន្លឿនការពឹងផ្អែកលើអាវុធនុយក្លេអ៊ែរ ឬបង្កើនសមត្ថភាពរបស់អាវុធប្រល័យលោកនេះ ប៉ុន្តែលោកបានក្រើនរំលឹកថា រុស្ស៊ីមិនមែនជាប្រទេសតែមួយគត់ ដែលតំណាងឱ្យហានិភ័យនៃការរារាំងនុយក្លេអ៊ែរនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូដំបូងបង្អស់របស់ពិភពលោក ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ដោយបានបំផ្លាញទីក្រុង និងសម្លាប់មនុស្ស ១៤០,០០០នាក់។ ការវាយប្រហារលើកទីពីរបីថ្ងៃក្រោយមកលើក្រុងណាហ្គាសាគី បានសម្លាប់មនុស្សចំនួន ៧០,០០០នាក់ទៀត។ ជប៉ុនបានចុះចាញ់សង្គ្រាមនៅថ្ងៃទី១៥ សីហា ជាថ្ងៃទីបញ្ចប់នៃសង្គ្រាមពិភពលោកលើកទី២៕