នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ពីសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ។
ការទទួលបានសញ្ញាបត្របណ្ឌិតនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងស័ក្តិសមបំផុតចំពោះគំរូវីរភាព ហើយក៏ជាសក្ខីភាពនៃស្នាដៃដ៏ពិសិដ្ឋរបស់សម្តេចតេជោ ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា មានស្នាដៃយ៉ាងធំធេងក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សាបង្រួបបង្រួម និងការកសាងជាតិឡើងវិញពីប្រទេសហែកហួរដោយសង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវ កតញ្ញូ កតវេទិតាធម៌ យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈ និងស្នាដៃធំៗយ៉ាងច្រើនឥតគណនា និងអរគុណសន្តិភាព ដែលសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងជាវីរកុលបុត្រខ្មែរស្នេហាជាតិមួយរូប ជានិច្ចកាលតែងតែគិតគូរដល់ផលប្រយោជន៍ជាតិជាធំ។
ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខបវរមហាប្រសើរជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅ ស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕