រដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី ជាប់ឈ្មោះជាទីក្រុងដែលមានការបំពុលខ្លាំងបំផុត លើពិភពលោក
(ហ្សាការតា)៖ រដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ី បានជាប់ចំណាត់ថ្នាក់កំពូល ជាទីក្រុងដែលមាន ការបំពុលខ្លាំងបំផុតរបស់ពិភពលោក ដោយបានជាប់ចំណាត់ថ្នាក់ជាប់លាប់ក្នុងចំណោមទីក្រុងទាំង ១០ ដែលបំពុលបំផុតទូទាំងពិភពលោកចាប់តាំងពីខែឧសភាមក នេះបើយោងតាមទិន្នន័យរបស់ ក្រុមហ៊ុន បច្ចេកវិទ្យាគុណភាពខ្យល់របស់ប្រទេសស្វីស IQAir ។
ទីក្រុងហ្សាការតាដែលមានប្រជាជនជាង ១០ លាននាក់ បានចុះបញ្ជីកម្រិតបំពុលបរិយាកាស មិនល្អស្ទើរតែជារៀងរាល់ថ្ងៃ នេះបើយោងតាម IQAir ។
អ្នកស្រុកហ្សាកាតាបានត្អូញត្អែរពីខ្យល់ពុលពីចរាចរណ៍រ៉ាំរ៉ៃ ផ្សែងឧស្សាហកម្ម និងរោងចក្រថាមពល ធ្យូងថ្ម។ ពួកគេខ្លះបានចាប់ផ្តើម និងឈ្នះបណ្តឹងរដ្ឋប្បវេណីនៅឆ្នាំ ២០២១ទាមទារឱ្យរដ្ឋាភិបាលចាត់ វិធានការដើម្បីគ្រប់គ្រងការបំពុលខ្យល់។
តុលាការនៅពេលនោះ បានសម្រេចឱ្យប្រធានាធិបតី Joko Widodo ត្រូវតែបង្កើតស្តង់ដារគុណភាព ខ្យល់ជាតិ ដើម្បីការពារសុខភាពមនុស្ស ហើយរដ្ឋមន្ត្រីសុខាភិបាល និងអភិបាលក្រុងហ្សាកាតា ត្រូវតែបង្កើតយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រងការបំពុលខ្យល់។
នៅពេលសួរអំពីបញ្ហាបំពុលទីក្រុងហ្សាកាតា លោកប្រធានាធិបតី Widodo បានប្រាប់អ្នកយកព័ត៌មានថា ដំណោះស្រាយគឺត្រូវផ្លាស់ប្តូររដ្ឋធានីរបស់ប្រទេសពីហ្សាកាតាទៅទីក្រុង Nusantara ដែលរដ្ឋាភិបាល របស់លោកបច្ចុប្បន្នកំពុងសាងសង់ពីដីឡើងលើកោះ Borneo ។
ប្រទេសឥណ្ឌូណេស៊ីនឹងដាក់ឈ្មោះទីក្រុង Nusantara ជារដ្ឋធានីថ្មីនៅឆ្នាំក្រោយ ហើយយ៉ាងហោច ណាស់មន្ត្រីរាជការ យោធា និងប៉ូលីសយ៉ាងហោចណាស់ ១៦០០០ នាក់នឹងត្រូវផ្លាស់ទៅទីនោះ៕